Tuesday, March 6, 2012

ត្នោត


បទពាក្យ ៧

ត្នោតអើយត្នោតដុះសព្វដី
ក្នុងដែនបុរីជាតិខេមរា
រាប់រយតំណពីដូនតា
ខ្មែរគ្រប់អាត្មាស្គាល់ជាក់ច្បាស់។

មិនថានៅតូចឬដើមធំ
រហូតរលំផលច្រើនណាស់
ដើមស្លឹកផ្កាផ្លែទុំខ្ចីចាស់
ប្រយោជន៍មិនខ្វះវាផ្តល់ឱ្យ។

ដើម

មូលត្រង់រលូនខ្ពស់លលៃ
អស់កាលដប់ម្ភៃឆ្នាំខាងក្រោយ
ប្រយោជន៍ត្នោតផ្ដល់តាម-លំដោយ
លំដាប់មកឱ្យពេលត្រូវការ។

រនូតរនាបឬរនង
ផ្ទោងផ្លានទំនងសង់គេហា
តម្រូវចាំបាច់ក្នុងគ្រួសារ
អ្នកស្រែចម្ការកែច្នៃប្រើ។

ឈូសច្រាស់រំលីងប្លៃងជាទូក
គ្រាន់អុំគគ្រូកធ្វើដំណើរ
ចម្លងឆ្លងទឹកយ៉ាងប្រសើរ
ឬទុកគ្រាន់ប្រើពេលរកត្រី។

ដើមត្នោតវេលាគេកាប់ផ្ដួល
ពេលរលំដួលដាបលើដី
គេយកកំពីងសាច់សខ្ចី
កកូរសាច់ត្រីឆ្ងាញ់ពិសារ។

ជក់

យកគាវទៅដំជ្រុំឱ្យទក់
ហូតបានជាជក់សសៃឆ្មារ
ត្របាញ់វេញខ្សែទុកប្រើការ
ទាំងប្រាំងវស្សាមិនចេះខ្វះ។

រែងច្រៀកកោសកូតច្បូតវែងខ្លី
ធ្វើជុចដាក់ត្រីក៏ស្រួលណាស់
អណ្តែងក្រាញ់ផ្ទក់កញ្ចាញ់ច្រាស់
ចូលហើយបម្រាស់រើមិនដាច់។

ធ្វើខ្សែចងជាប់ទ្រូលបលាយ
វេញក្រងជាលស្ពាយធំតូចស្រេច
អ្នកនេសាទត្រូវការចាំបាច់
ប្រើទម្រាំដាច់វេលាយូរ។

អំបោសប្រើប្រាស់ប្រចាំថ្ងៃ
គឺយកសសៃជក់វេញមូរ
បើទោះជាលក់ថ្លៃក៏ធូរ
បន្ថយបន្ធូរថវិកា។

ស្លឹក
បទកាកគតិ

ដើមត្នោតទាបខ្ពស់ បណ្តូលស្លឹកលាស់ កាត់យកប្រើការ
បើមានចាំបាច់ ក្នុងក្រុមគ្រួរសារ ស្រុកស្រែចម្ការ
គឺថាស្រួលណាស់។

ដេរជាកណ្តប យកទៅគាបអប ជញ្ជាំងបាំងឆ្លាស់
និងប្រក់ដំបូល ជម្រកថ្មីចាស់ ពេលដែលយើងខ្វះ
ក្បឿងសង្ក័សី ។

បើយកទៅច្រៀក ចេញជាចម្រៀក តូចធំវែងខ្លី
ក្រងត្បាញកន្ទេល ប្រើប្រចាំថ្ងៃ មិនអស់បច្ច័យ
ទៅទិញពីផ្សារ។

ចាក់ក្រងស្បោងស្មុគ ទម្លាប់អ្នកស្រុក អ្នកស្រែចម្ការ
ទុកដាក់របស់ របរប្រើការ ប្រចាំគ្រួសារ
ទម្លាប់ហូរហែ។

ដេរធ្វើមួកពាក់ ថ្ងៃក្តៅភ្លៀងធ្លាក់ ក៏ពាក់បានដែរ
ចេញដើររកស៊ី ភ្ជួររាស់ស្ទូងស្រែ         រាល់ឆ្នាំខួបខែ
ពាក់បានស្រីប្រុស ។

ឯម៉្យាងវិញសោត កាត់ធាងកូនត្នោត ដែលទើបនឹងដុះ
ច្នៃធ្វើជាផ្លិត គ្រាន់បក់ពេលស្អុះ ចាស់ក្មេងស្រីប្រុស
ចូលចិត្តប្រើណាស់។
 ធាង
 ពេលកាប់ស្លឹកហើយ ធាងមិនចោលឡើយ ទោះខ្ចីឬចាស់
វាមានប្រយោជន៏ បានច្រើនយ៉ាងណាស់ សម្រាប់ប្រើប្រាស់
ជាប្រចាំថ្ងៃ។

ពុះបិតចិតច្រៀក ឱ្យស្តើងចម្រៀក ទាន់ធាងនៅថ្មី
ក្រងត្បាញកន្ត្រក វេញខ្សែវែងខ្លី         និងរបស់អ្វី
ក៏មិនងាយយារ។

 ទឹក

 រដូវចេញផ្កា អ្នកស្រែចម្ការ ក្រោយចប់ការងារ
កាន់ឃ្នាបធ្វើថ្មី សៀតកាំបិតព្រា          ឡើងដល់ចុងវា
គាបចិត្តឥតខ្វល់។

បំពង់,ប៊ីដុង ចងព្យួរសំយ៉ុង ចាំត្រងយកផល
ហូរស្រក់តក់ៗ តែកុំបាច់ខ្វល់ ពេលព្រឹកមិនដល់
ពេញហៀរមិនខាន។

ទឹកត្នោតរងថ្លា ឃើញហើយកាលណា អត់ទ្រាំមិនបាន
ចង់លើកបំពង់ ក្រេបទឹកចូលប្រាណ ឆ្អែតហើយទើបបាន
សមតាមបំណង។

ចាក់ចូលខ្ទះធំ ដុតភ្លើងឲ្យងំ ប៉ុន្មានម៉ោងផង
ខះរឹងជាស្ករ ផ្អែមឆ្ងាញ់កន្លង ញាតិមិត្តប­ន្អូបង
ត្រូវការពុំដាច់។

មួយយ៉ាងទៀតសោត កែច្នៃទឹកត្នោត ក្នុងពេលចាំបាច់
ដាក់មេបន្តិច ផ្អាប់វាសម្រេច មួយយប់ហើយស្រេច
ក្លាយជាត្នោតជូរ។

មានពិធីការ ផឹកជំនួសស្រា តម្លៃក៏ធូរ
បើទោះស្រវឹង នឹងស្វាងមិនយូរ យាយតាមីងពូ
ក៏ហូបបានដែរ។

ផ្លែ

ផ្លែជាចំណី ប្រសើរគប្បី នៃបងប្អូនខ្មែរ
ពេលដែលនៅខ្ចី កកូរផ្សំផ្សែ ចិតលាយបន្លែ
រសឆ្ងាញ់អស់ទាស់។

គ្រាប់ត្នោតចាស់ខ្ចី ពុះយកមកឆី ឥតបីមានមោះ
បង្អែមបបរ ក៏គ្មានអីទាស់ ដាក់ស្ករថែមរស
រិតផ្អែមប្រាកដ។

ផ្លែត្នោតទុំស្រេច រើសមកច្របាច់ គ្មានអីនឿយហត់
ខ្ចប់លាយអង្ករ ឬម្សៅកិនហ្មត់ ស្ងោរឆ្អិនប្រាកដ
ក្លិនឈ្ងុយពីវា។

ជួនកាលផ្លែទុំ បើមិនធ្វើនំ ព្រោះគ្មានវេលា
បោះចូលភ្នក់ភ្លើង ចម្អិនសាច់វា បកខាំទំពារ
រួចមួយគ្រាដែរ។

បទ ពាក្យ៩

លើកប៉ុណ្ណេះមិនទាន់អស់នៅមានខ្វះ
ច្រើនខ្លាំងណាស់ត្នោតបានផ្ដល់ជាហូរហែ
រៀងរាល់ថ្ងៃជាពិសេសជនបទស្រែ
ជនជាតិខ្មែរបានប្រយោជន៍ច្រើនកន្លង។

ជាតិខេមរាគ្រប់អាត្មាគប្បីគិត
មានគំនិតថែរក្សាការពារផង
ត្នោតតំណាងវប្បធម៌ខ្មែរថ្លៃកន្លង

សាសន៍ខាងផងមិនមានត្នោតដូចយើងឡើយ។

No comments:

Post a Comment