Thursday, March 29, 2012

យប់នេះ...


ព្រលប់យប់យន់ត្រជាក់
សន្សើមផ្តើមធ្លាក់ជោរស្មៅ
លម្ហែមុខផ្ទះខាងក្រៅ
មេឃខ្មៅអាប់អស់រស្មី។

ឆ្កែព្រុសមនុស្សដើរក្នុងវត្ត
ឮមាត់ស្មានមានរឿអី
តាមពិតដូនជីពីរបី
ចុះដីរួចដើរភាវនា។

ស្លឹកពោធិត្រូវវាយោបក់
យោលហក់ប៉ប្រាវប៉ះគ្នា
ប៉ាឆាខាងកើតវិហារ
បូជាសពនៅក្ដៅៗ។

ត្បូងវត្តឮសូរមាត់ស្រែក
សម្រែកស្រវ៉ឹងមួម៉ៅ
នែវើយ!កុំឲ្យអញក្តៅ
អញហៅ!ទិញស្រាឲ្យអញ។

លិចវត្តសម្លេងអឺងកង
ឆ្លើយឆ្លងដូចឈ្លោះព្រោះចាញ់
លេងល្បែងអ្នកឈ្នះមុខខ្លាញ់
អ្នកចាញ់មុខសេះឡូឡា។

ខាងជើងក្បែរខ្លោងទ្វារវត្ត
ឮមាត់ក្មេងៗសិក្សា
មេរៀនយកពីសាលា
ម៉ាក់ប៉ាជួយប្រាប់សេចក្ដី។

ត្បូងវត្តលាន់ឮមាត់សូរ
ផ្លាស់ប្ដូរល្អូកល្អឺនប្រុសស្រី
អូនបងផ្អែមល្ហែមសម្ដី

រាត្រីបន្តិចស្ងាត់អស់។

No comments:

Post a Comment