Tuesday, March 6, 2012

កង្កែបកូប

​                        (បទបន្ទោលកាក)
ខែប្រាំងរាំងស្ងួត       ទឹកហូររីងហួតស្ងួតហែង
ស្ងៀមមួយកន្លែង      មិនចេញសំញ៉ែងខាងក្រៅ។
ខ្វេះខ្វាយធ្វើក្រាំង      ខ្លួនលាក់បំបាំងគុម្ពស្មៅ
ការពារកម្តៅ            សត្រូវឆាឆៅនិន្ទា។
សម្ងំស្ងៀមស្ងាត់       មិនហ៊ានចេញស្កាត់ជួបគ្នា
សារសងសន្ទនា       រាត្រីទិវាខ្លោចផ្សារ។
ទ្រាំអើយសែនទ្រាំ     ទម្រាំដល់ខែវស្សា
ទើបចេញយាត្រា      ស្វែងរកស្នេហាគូវា
                 ( បទព្រហ្មគីតិ )
ភ្លៀងធ្លាក់លេចគុម្ពស្មៅ  ប្រកូកហៅរកគ្នីគ្នា
ទ្រហ៊ឹងក្នុងសន្ធ្យា          អស់វេលាមួយរាត្រី។
កូបៗ អូបៗ ឱប           ចង់ក្រសោបស្ងួនពិសី
ជួបអូនត្រឹមពេលខ្លី        គ្រោះថ្នាក់អ្វីក៏មិនស្តាយ។     
ញីឮធ្វើភ្នែកស្លឺ              តាំងបន្លឺតបពីឆ្ងាយ
ថានែប្រុសឆោមឆាយ     បងមកអាយឆាប់ៗរ៉ា។ 
អាឈ្មោលមិននៅស្ងៀម ផ្លោត!ចេញភ្លាមតាមវាចា
អូនហៅឱ្យរៀមរ៉ា           ចូលចរចារួមសេចក្ដី
កូបៗ ឱបៗ អួប           ពេលបានជួបមុខស្រស់ស្រី
ចង់ស្ទុះចាប់ក្រញី          អើអីអី!ឥឡូវហ្នឹង។
ប៉ុន្តែកម្មចង្រៃ              ពន្លឺអ្វីភ្លឺដល់ម្ល៉ឹង
គេឆ្វែលគេក្រឡឹង         អូ! ភ្លើងហ្នឹងមនុស្សដើរឆ្លុះ។
មិនទាន់អស់សេចក្ដី       ណ្ហើយអូនស្រីប៉ុណ្ណឹងចុះ
លោតទឹកកុំត្រេះត្រុះ      ស្អែកចាំប្រុសមកស្នេហ៍ស្និទ្ធ
                     ( បទភុជង្គលីលា )
អាសូរកង្កែបកូបក្រៃ
ធ្លាក់ភ្លៀងថ្មីៗ  ស្រម័យក្នុងចិត្ត។
ថាបានជួបគូកៀកកិត
រួបរួមស្នេហ៍ស្និទ្ធ  ផ្តេកផ្តិតឱរា
តែកម្មអកុសលម្លេះណា     
អស់ពួកមនុស្សា  គ្មានត្រាប្រណី។
កាន់ភ្លើងច្បូកស្នក្នុងដៃ 
ដេញចាប់ចាក់វ៉ៃ  គ្មានក្តីមេត្តា...


No comments:

Post a Comment