Saturday, March 31, 2012

តាទិតយាយទា

ល្បោយចាប៉ី.
..........................................
ខ្លះហៅរឿងខ្លីកំប្លុកកំប្លែងរបស់ចាប៉ីថាជាចាប៉ីរឿង តែតាមពិតត្រូវហៅ
ថាល្បោយចាប៉ី... ខាងក្រោមនេះរឿងតាទិតយាយទា ដែលមានតាំងតែ
ពីដើមមក តែដោយការចេះចាំតៗគ្នាមក វាបាត់បង់ភាពដើមខ្លះ ឃ្លាខ្លះ
មានប្រាំព្យាង្គ,ខ្លះប្រាំមួយព្យាង្គ,ប្រាំពី ប្រាំបី ឃ្លាខ្លះមានប្រាំបួនព្យាង្គក៏
ក៏មាន ហេតុខ្ញុំបានធ្វើការសម្រួលឃ្លោងឃ្លចុងចួនឡើងវិញជាពាក្យ ៨
ទាំងអស់។ បើលលោកអ្នកណា មានការចេះចាំរឿងនេះច្បាស់ជាងខ្ញុំ
ក៏សុំធ្វើការជួយកែសម្រួល និងជួយចែកចាយផងចុះ។

រ័ត្នន៍ សេនា
.................................................


ស្រណោះផ្គរលាន់ៗឡើងម្តងដប់...ឆ្លើយឡើយសន្ធប់ពេញទាំងមេឃា
ថ្លែងពីតាទិតទាស់និងយាយទា..បានកំពឺសភ្លារដណ្តើមគ្នាភ្លក់។

តាទិតពាំផ្លប់ថាសាបអំបិល..យាយទាមន្ទិលថាធំប្រហុក
សម្លរមួយឆ្នាំងស៊ីអស់មួយស្រុក..មួយភ្លក់ពីរភ្លក់មិនដឹងសាបប្រៃ។

មើលឫកគាត់អួតឲ្យស្មើពពក..មាយាទគាត់ថោកមកអួតថាថ្លៃ
គ្រាន់តែឆ្នុកថ្នាំធំប៉ុនកដៃ..ចុកបួនប្រាំថ្ងៃទើបបោះចោលម្តង។

បេះចេញពីមាត់មកញាត់ត្រចៀក..ទឹកមាត់កក្លៀកហូរជោគដាបខ្នង
មួយឆ្នាំមិនដែលស្គាល់សាច់ជ្រូកម្តង..ឃើញស៊ីតែខ្យងសំបកពេញផ្ទះ។

តាទិតថាចឹងពូជអញវាក្រ..ទៅណាមកណាស្លៀកសំពត់ចាស់
មើលឫកហងគ្រាន់មាយាទហងក្រាស់..ពូកែខ្លាំងណាស់ប៉ិនខាងដេកថ្ងៃ។

បើសិនត្បាញវិញសម្លក់ទៅត្រល់..សម្គាល់សំពត់សម្លឹងវែកចៃ
បោះត្រល់ម្តងៗដាច់ដប់សសៃ..មួយថ្ងៃដប់ថ្មិលមិនរវល់ត។

យាយទាថាចឹងកំពូជខាងអញ..កំណាញ់ក៏កំណាញ់ក្រក៏ក្រ
អាក្រក់ៗគ្មាននរណាល្អ..អាណាអង្វរឲ្យមកយកអញ។

តាទិតគាត់ថាពីដើមយកឯង..ព្រោះឃើញឫកខែងម៉េចមិនស្រលាញ់
តាំងពីបានមកស្លរមិនដែលឆ្ងាញ់..ត្រីផ្ទក់ត្រីក្រាញ់ស្លរទាំងស្រកា។

សម្លរអញ្ចឹងសែនពិបាកលេប..របៀបយាយឯងអញមិនចង់ថា
កាលពីក្រមុំឫកវាហ៊ឺហារ..មេបាដើរកាច់គេពេញទាំងស្រុក។

យាយទាថាអញវាខូចចឹងមែន..តែបើអញសែនអញស៊ីពេញមុខ
មិនដូចពូជគាត់ធ្លាប់តែជាប់គុក..មេម៉ាយកំព្រុកស្គមកំព្រឹងៗ។

តាទិតក្តៅចិត្តទាត់យាយទាភីង យាយទាស្ទុះគ្រេងរងមួយជើងភឹង
តាទិតបានផ្តិលក្បាលយាយទាម៉ឹង..យាយទាបានវឹងក្បាលតាទិតម៉ោក។

តាទិតបានថាសក្បាលយាយទាម៉ាង..យាយទាបានថាំងក្បាលតាទិតម៉ូង
តាទិតស្ទុះយកបានត្រឡោកដូង..សំពងយាយទាឮលាន់សូរម៉ាក។

តាទិតស្ទុះទៅដាល់យាយទាម៉ាប់..យាយទាស្ទុះចាប់ទៅហែកខោខ្វាក
តាទិតស្រែកង៉ូកកូនជ្រូកស្រែកង៉ាក...ស្ទុះខ្វាកទៅហែកអាវយាយទាខ្វោក។

ក៏តាំងច្រានគ្នាដួលឲ្យសំច្រូង..យាយទាអាងស្បោងតាទិតអាងតោក
យាយទារុញទៅតាទិតរុញមក..រលំទាំងតោកអារក្សខ្មោចម៉ែ។

ផ្អើលអស់អ្នកស្រុកគេមកមើលលាន់..តាមាសតាមាន់តាកុយតាកែ
តាពតអង្រុតតាពុតអង្រែ..តាមុំតាមែទាញបានដងរែក។

ភ្ញាក់ផ្អើលឆោឡោអស់ពួកស្រីៗ..អត់បានការអីពឺតចំតិតស្រែក
យាយទាចែវគ្នាទាល់តែលៀនភ្នែក..ជាប់ដៃមកផ្អែកបែកទាំងចានឆ្នាំង។

សន្ធឹកគ្រាំៗឮសូរគ្រេងៗ..យាយទាស្ទុះគ្រេងឮលាន់សូរគ្រាំង
តាទិតស្ទុះក្រុះអូសធ្លាយជញ្ជាំង..ក៏តាំងចែវគ្នាឲ្យឡើងហុយដី។

ប្រុសចាប់តាទិតស្រីៗចាប់យាយទា..ចាប់បំបែកគ្នារំលងផ្ទះបី
ប្រុសជុំដោយប្រុសស្រីជុំដោយស្រី..នាំគ្នានិយាយឲ្យគាត់ជាគ្នា។

ប្រុសៗភ្លេចខ្លួនទៅលែងតាទិត..ស្រីៗភ្លេចគិតទៅលែងយាយទា
ជាប់ដៃម្តងនេះគាត់កកេរគ្នា..ពារលើស្លឹកគ្រៃអស់ជាងម្ភៃគុម្ព។

ដួលប៉ះលើស្ករបែកអស់ម្ភៃក្អម..មីខ្មីមីខ្មមពឺតតែស្រែកយំ
បែកថ្លាងស្ងោរម្សមអស់មួយឆ្នាំងធំ..រលំទាំងធាតុបែកអស់ចានថូរ។

យាយទាលាន់មាត់ឮត្រឹមតែល្មម..តាទិតធ្លាយផោមអាយះគូថខោ
តាទិតរុញទៅយាយទារុញម៉ោ..ក្មេងៗបន្ទរស្រែកថាអៅៗ។

តាទិតស្រាតខោគាត់ចោលស្រឡះ..ក្មេងៗអៀនខ្មាស់អាខ្លះមុខខ្មៅ
ខ្លះធ្វើមុខខ្មឺតពឺតប្រកូកហៅ..ខ្លះថាតាសៅមិនជួយយាយទា។

អាម្នាក់វាថាមិនចាប់តាទិត..អាខ្លះខំមិតទៅចាប់យាយទា
ខ្លះខ្សឹបតាទិតម៉េចបានពងយា..ក្មេងម្នាក់ថាយារព្រោះយាយទាយិត។

យាយទេសថាទាហងកុំលែងពង..ស្នៀតនេះទំនងល្មមវាកំពិត
ស្រាតដោយអីដោយហងឯងកុំគិត..គិតតែពីយិតកុំបន្ធូរដៃ។

យាយទាទាញតាទិតតឹងដល់ខ្នាត..ឡើងធ្លាក់អណ្តាតជើងធាក់ខ្វៃៗ
តាទិតស្រែកយ៉ូយយាយទាស្រែកយ៉ៃ..ស្រែកថាប៉ៃអ្ហើយម៉េចមិនជួយគ្នា។

ប្រុសៗខំប្រឹងទៅចាប់តាទិត..ស្រីៗខំមិតទៅចាប់តាទា
ទាល់តែរបូតចាកចេញពីគ្នា..របេះផ្លែល្វាសល់តែទងឆ្កឹង។

Friday, March 30, 2012

កំសាន្តក្បែរៗអំពេញ..



ព្រឹកថ្ងៃសៅរ៍មើលទៅស្រស់ស្រាយគ្រប់ៗគ្នា
ឈប់សម្រាកការងារ
វេលាថ្ងៃកន្លង
ដើរកំសាន្តឲ្យស្បើយល្ហែល្ហើយកង្វល់ផង
អស់ញាតិមិត្តប្អូនបងត្រសងចេញយាត្រា

ទៅកែបថ្មីកៀនស្វាយសប្បាយផឹកទាំងថ្ងៃ
តែប្រយ័ត្នតម្លែទីនោះមិនធម្មតា
ត្រូវសួរមុនឲ្យដឹងថ្លៃថោកកម្រិតណា
មិនដូច្នោះឡូឡាតវ៉ាហែកហួរហើយ។

ទៅបាក់ខែងព្រែកលៀបផ្លូវរាបរលោងស្រិល
អ៊ុតកៅស៊ូរអិលទូលាយមិនស្ទះឡើយ
ទៅស្ទួចត្រីកំសាន្តទាំងគូខ្លះកៀកកើយ
តែកុំភ្លេចសោះឡើយពោតស្ងោរអាកោទៀត

ទៅបាទីមាន់ដុតទាំងត្បុតនៅក្តៅៗ
សួរតថ្លៃមុនហៅក្រែងចិត្តនឹងចង្អៀត
បើក្តៅខ្លាំងហែលទឹកទន្លេក្បែរច្រាំងបៀត
កុំចុះជ្រៅទៅទៀតក្រែងលង់បង់សប្បាយ។

ឧត្តុង្គអដ្ឋរសសម្រស់ស្រស់ឥតហ្មង
ពីភ្នំពេញជិតផងជិះឡានទៅមិនឆ្ងាយ
ខ្យល់អាកាសរហើយជ្រះថ្លាអស់ខ្វល់ខ្វាយ
ទាំងប្រុសស្រីសប្បាយឡើងចុះជាហូរហែ

ទៅលេងស្អាងឆៀងចូលឡើងមើលឃុនមុនភ្នំ
ថ្វីត្បិតតែមិនធំចម្ការនិងវាលស្រែ
អ្នកដំណើរតាមផ្លូវតែងឈប់មើលបង្ហែ
នៅសងខាងផ្លូវក្បែរវល្លិ៍ដើមមើមប៉ិគក់។

Thursday, March 29, 2012

បរិយាយភូមិកាព្យ....


អង្គុយភ្លឹកអាហារព្រឹកមិននឹកនា
ជក់សន្ទនាតកាព្យានឹងអ្នកភូមិ
អរគុណហើយបងប្អូនអ្ហើយដែលចូលរួម
ធ្វើឲ្យភូមិបានជួបជុំអ្នកកវី។

ឃើញភូមិឋានបានសុខសាន្តសែនត្រេកអរ
មុខរបរអ្នកភូមិផងខំឃ្មាតខ្មី
លក់នំនែកអំពៅចេកបន្លែត្រី
មានសាឡីរទេះគោដូរឆ្នាំងចាន។

តូបចាប់ហួយផ្ទះចែមួយកូនចឹកហុង
លក់ប៊ីដុងភួយមុងពាងច្រើនសណ្ឋាន
គ្រឿងស្លរស្លុកដែលអ្នកស្រុកអត់មិនបាន
ទិញថ្មើរម៉ាបានថ្មើរហ្នឹងមិនដែលខ្វល់។

នៅមិនឆ្ងាយមីងមេម៉ាយនំបញ្ចុក
រែកតត្រុកដើរទៅមុខតាមផ្លូវថ្នល់
ចង់ពិសារហៅពេលណាយកទៅដល់
ដាច់គ្មានសល់ដល់ថ្ងៃត្រង់ម្តងឡើយណា។

តូបតូចធំលក់ផាហ៊ុំហូលសូត្រខ្សែ
ស្នាដៃខ្មែរខិតខំថែពីដូនតា
អាវសំពត់មានប្រាកដស្បៃក្រម៉ា
ច្រើនត្រៀបត្រាមិនមានខ្វះក្នុងភូមិឃុំ។

ស្នូររគាំងក្នុងសាលាលាន់ឮម៉ាង
ប្រាប់ក្មេងក្មាងកំពុងលេងឲ្យមកជុំ
ឯក្នុងវត្តព្រះសង្ឃសូត្រធម៌រងំ
ក្បែរជើងភ្នំវិហារធំលើថ្មដា។

វាលស្រែស្រូវគន់មើលទៅច្រាលពណ៌មាស
ដៃរវាសកងកាវកៀសច្រូតផលា
លើចុងត្នោតសម្លឹងផ្តោតច្បាស់នេត្រា
គ្មាននរណាគឺអ្នកភូមិឡើងត្រងទឹក។

តៀមខាងចុងមានបំពង់ចងខ្សែព្យួរ
ទឹកត្នោតជូរមនុស្សម្នាអ៊ូសូរសន្ធឹក
ឈរអង្គុយចាក់ជល់ផឹកលាន់គគ្រឹក
ដៃដូចមឹកលូកចាប់ក្លែមត្រឡនតន។

នាងកញ្ញាចុះកំពង់ទៅដងទឹក
ប្រុសៗភ្លឹករាងល្វតល្វន់ដើរអែនអន
ស្អែកប្រាប់ឪនាំចៅមហាក្លើគូកន
ដណ្តឹងអនអូនត្រៀមខ្លួនទៅណាស្រី។

ផ្ទះមេភូមិជាប់នឹងខ្ទមអែបខាងឆ្វេង
ស្ងាត់ទាំងក្មេងស្រួលខ្លាំងណាស់ពេលរាត្រី
ងាយតែងកាព្យរៀនកំណាព្យធម៌បាលី

ឥតមានអ្វីស្ដីរំខានអារម្មណ៍ឡើយ