Tuesday, December 25, 2012

អាំងភ្លើង


ព្រហាមថ្ងៃពុធដុតភ្លើងអាំង
ភ្លឺក្រហមចាំងពីបូព៌ា
ពំនូកចំបើងជិតទ្រុងទា
វេលាម៉ោងប្រាំកៀកពេលព្រឹក។

ដេកផ្អែកចំបើងភ្លើងឆេះទ្រោល
លលកកញ្ជ្រោលបូលសន្ធឹក
សត្វចាបចចឹកអំពិលទឹក
ចេចចាចគគ្រឹកព្រឹកព្រលឹម។

ផ្កាគ.រោយជ្រុះជម្រុះដី
ទើរខ្នងក្របីចងជាប់នឹម
មាន់លោតទៅទុំពីលើធ្នឹម
កាយខ្ទឹមឪដាំបាក់ខ្ទេចខ្ទី។

ចាប់ត្រីពីរបីបោះចូលភ្នក់
បំពក់ឲ្យឆ្អិននឹងអាលស៊ី
បាយកកត្រជាក់រឹងគ្មានពីរ

តែឆ្ងាញ់ជាងមីឆារសាច់គោ។

Friday, December 21, 2012

ជីវភាពស្រុកស្រែ

  
ទម្លាប់អ្នកស្រែពេលដែលបញ្ចប់
ច្រូតកាត់គ្រប់សព្វបោកបែនបញ្ជាន់
ការងាររួចហើយបានស្បើយគ្រប់គ្រាន់
មិនសូវរួសរាន់ប្រញាប់ប្រញាល។

ក្រៅពីធ្វើស្រែបន្លែដាំដុះ
ដំណាំចម្រុះបណ្ដុះក្នុងថ្នាល
ចិញ្ចឹមជ្រូកមាន់ទារាប់សិបក្បាល
បានជួយសម្រាលម្ហូបទិញពីផ្សារ។

សេសសល់ពីហូបលក់យកកម្រៃ
ចាយប្រចាំថ្ងៃនៅក្នុងគ្រួសារ
ឥតព្រួយខ្វល់ខ្វាយពីរឿងថវិកា
ព្រោះតែឧស្សាហ៍មិនសូវទំនេរ។

ថ្វីត្បិតមិនមានធនធានស្ដុកស្ដម្ភ
ក៏ល្មមសក្តិសមរស់ច្រឡំគេ
ជីវភាពអ្នកស្រែត្រូវចេះគ្នាន់គ្នេរ
មានតែដីទេត្រូវរេកែច្នៃ។

កូនបានរៀនសូត្រគ្រប់ឆ្នាំរដូវ
មិនបាច់លក់ស្រូវចំណាយរាល់ថ្ងៃ
ធ្វើបុណ្យដាក់ទានមានប្រាក់ចងដៃ
មានទាំងបច្ច័យត្រៀមកុំឲ្យខ្វះ។

ថ្ងៃល្ងាចជួបជុំក្នុងក្រុមគ្រួសារ
បរិភោគអាហារឱជារសណាស់
បងប្អូនជិតខាងស្រីប្រុសក្មេងចាស់

រាប់អានគ្នាណាស់ភូមិឃុំសុខសាន្ដ។

ស្រីឫក!!


ដើរលើផ្លូវម្ខាងក្បែរហាងលក់
ស្រីម្នាក់ខ្ចីល្វក់សម្លក់ត្លែ
កាច់ឫកកាច់រាងមិនសមខ្មែរ
ស្មានខ្ញុំចង់ញ៉ែទើបធ្វើចឹង?។

ដូចជាអន់ចិត្តនឹងស្រីនោះ
ខ្ញុំស្ទុះចូលទៅសួរឲ្យដឹង
នាងមិនខ្ចីមាត់ឈរបែបហ្នឹង
នរណាមិនខឹងបងប្អូនអើយ។

ចង់តែស្ទុះទៅទះកំផ្លៀង
រួចជេរស្ដីនាងថាជម្លើយ
គ្មានម៉ែឪទេ ឬអីវើយ
បានជាព្រងើយមិនឆ្លើយឆ្លង។

ខឹងពេកក៏ច្រានដួលទៅដី
ឥតឮសម្ដីស្រែកអូយផង
ពុទ្ធោ!នេះជាតុក្កតាដែលគេចង

ពាក់លម្អផងខោអាវម៉ូត។

Thursday, December 20, 2012

នាជនបទ


ព្រហាមថ្ងៃខ្ពស់កម្ពស់ចុងត្នោត
ដើរយួរត្រណោតចាប់ដោតត្រីស្រែ
ទឹករីងក្នុងស្រូវរដូវចុងខែ
ហិចហែលហូរហែរពណ៌ស្លែបិទបាំង។

ទាំងក្ដាមកង្កែបវ៉ែបៗក្រោមស្មៅ
ពួនជ្រកកម្ដៅខាងក្រៅក្ដៅខ្លាំង
ចាប់វាព្រលាត់រួចញាត់គ្រឿងអាំង
បេះផ្លែក្រសាំងកាប់ផាំងធ្វើម្ជូរ។

អង្គុយក្នុងខ្ទមក្រោមដើមក្រខុប
មែកសាខាស្លុបម្លប់ត្រជាក់គួរ
គ្នាពីរបីនាក់ជល់ចាក់ត្នោតជូរ

ផឹកក្លែមយូរៗកូរពោះក្រចៗ។

Saturday, December 15, 2012

ភព.ពវហ


ព្រែកលៀប,កៀនឃ្លាំង,បាំងខ្ទរបាក់ខែង
ទៅមុខជាក់ស្ដែងដល់ព្រែកអញ្ចាញ
ហួសរកាកោង,ថ្នល់កែង,បណ្ដាញ
បាធាយ,បង្ហាញផ្អាវ,ស្គន់,ស្ដើងជ័យ។

រំលង,តាំងគោក,ស្ពានកំពង់ថ្ម
សន្ទុក,បន្តស្ទឹងសែនមានន័យ
ប្រាសាទបល្ល័ង្គ,សាលាវិស័យ
ចូលតំបន់ព្រៃដីព្រះវិហារ។

រវៀង,ភ្នំដែក,ផ្លូវបែកសង្វែង
ដល់ជើងភ្នំត្បែងជាប់ជួនរៀងគ្នា
កៅស៊ូចេកខ្នុរដំឡូងវល្លិ៍វារ
អមដងមាគ៌ាចម្ការបៃតង។

ក្រុងត្បែងមានជ័យទឹកដីបវរ
រួចយើងបន្តទៅឧត្ដរផង
តាកឹង,គូលែន,ផុតទុក្ខសៅហ្មង
ពីជាំក្សាន្ត,ឆ្លងដល់ស្រអែមឃុំ។

ទីទួល ៩៥ ស្ពានអូរឈើទាល
ឆ្លងផុតមួយវាលទឹកស្រះស្វាយជ្រុំ
គ.១ ផ្លូវបីប្រសព្វធំៗ

ផ្លូវមួយឡើងភ្នំប្រាង្គព្រះវិហារ៕

២ ខែ


Thursday, December 13, 2012

ចន្ទ្រពេលថ្ងៃ


ចំណាកស្រុក


បង្វិចបាឡូស្ពាយនៅខ្នង
ភ័យផងអរផងរត់ឆ្លងដែន
បង់ឲ្យមេខ្យល់អស់រាប់សែន
ក្រាបលូនបត់បែនសភាពការណ៍។

ម្ដងជាពីរដងបានសម្រេច
បង្វេសរួចស្រេចចូលសីមា
ដល់ទឹកដីគេសែនខ្លោចផ្សារ
តម្រួតរាជការចាប់ទៅឃុំ។

ធ្វើការស៊ីឈ្នួលលើសាគរ
រងខ្យល់ភ្លៀងផ្គររលកធំ
ឈឺថ្កាត់រងកម្មទ្រហោយំ
ក៏ពុំមានអ្នកជួយខ្លួនបាន។

ច្រើនខែកន្លងប៉ងបញ្ចប់
ចង់វិលត្រឡប់វិលវិញថ្កាន
កម្រៃរកបានទាំងប៉ុន្មាន
លាក់ទុកក្នុងប្រាណខ្លាចគេដឹង។

ឡើងដល់ដីគោកជួបអភ័ព្វ
តម្រួតចាប់ជាប់តាមបណ្ដឹង
ឆ្លងដែនខុសច្បាប់គឺតឹងរ៉ឹង
គេប្ដឹងរួចយកទៅដក់គុក។

ជម្រិតយកអស់គ្មានសល់ប្រាក់
រួចដឹកមកដាក់នៅជួរមុខ
ជាប់ព្រំប្រទល់ឲ្យរងទុក្ខ
ទឹកមុខស្លេកស្លាំងខ្លោចផ្សារក្រៃ។

ដល់ផ្ទះពុកម៉ែសោកខ្សឹកខ្សួល
រត់មកទទួលដោយអាល័យ
គ្មានសល់អ្វីសោះនៅក្នុងដៃ

ព្រោះប្រាក់កម្រៃរលាយសូន្យ។

Wednesday, December 12, 2012

វិបត្តិស្រាស


តំបន់និគមភូមិឃុំជនបទ
ជួបជុំប្រាកដមិនអត់ពិធី
គ្រឿងក្លែមសុរាចចារផឹកស៊ី
អស់ដបមួយពីរវក់វីចាស់ក្មេង។

ពីដើមស្រាសបិតអង្ករស្រែ
លាយមេដំបែផ្សែផ្សំផ្សេងៗ
ស្រេចហើយទើបបិតសម្រិតសម្រេង
បង្ហូរដូចប្រេងចេញពីខាងក្នុង។

សម័យទំនើបគេទើបមានល្បិច
ដាក់មេបន្តិចពន្លិចលាយឆុង
ទឹករាប់សិបលីត្រច្រកចូលប៊ីដុង
រៀបចំបម្រុងបង្កើតជាស្រា។

អ្នកទិញយកផឹកមិននឹកអំពល់
គិតតែពីជល់ទាល់តែដាច់ផ្ងារ
ទទួលរងគ្រោះក៏ព្រោះដោយសារ
តែជាតិសុរាដាក់មេគីមី។

ស្ទើរតែរាល់ថ្ងៃគេផ្សាយឲ្យដឹង
ប្រាប់ជាដំណឹងប្ដឹងសព្វទិសទី
ឮតែរងគ្រោះព្រោះការផឹកស៊ី
ស្រុកមួយស្រុកពីរគ្រប់ទីកន្លែង។

ហៃ!អស់បងប្អូនកូនក្មួយប្រយ័ត្ន
នាំគ្នាបំបាត់កំចាត់ស្រាស្លែង
ហូបស្រាដែលដឹងប្រភពជាក់ស្ដែង
ទើបអស់ចំបែងរែងផុតទុក្ខភ័យ។

Thursday, December 6, 2012

ត្រកូល «ម»


ពូ​«ម៉ុល»ស្រែកហៅពូ«ម៉ៅ»មកផឹក
ពូ«ម៉េត»ជាប់ដឹកមីង«មុំ»ទៅផ្សារ
បានជួបអា«ម៉ុន»ចៅលោកតា«ម៉ា»
ក៏ស្រែកប្រាប់ថាអា«ម៉ុក»ផឹកស៊ី។

អា«ម៉ុង»អា«ម៉ន»គូកនអា«មឿន»
បបួលបនភឿនតឿនហៅអា«មី»
តោះពួកយើងទៅចូលរួមពិធី
ទិញមាន់មួយពីរក្លែមស៊ីមិនអស់។

តា«ម៉ុក»ចាស់ស្រុកជីតានាង«ម៉ី»
គាត់ហាមចៅស្រីកុំស្ដីឡេះឡោះ
អា«ម៉េង»អា«មួន»វាខ្លួនកម្លោះ
អាហ្នឹងញ៉េះញ៉ោះបង់អស់អំពើ។

កន្លែងផឹកស៊ីមូលមីរជួបជុំ
អា«ម៉ាប់»មាឌធំអា«ម៉ៃ»អា«ម៉ើ»
អា«មល់»ស្វាគមន៍កែវធំគ្រាន់បើ
អា«ម៉ក់»មុខស្មើភ្នែកស្លឺរកដេក។

អា«មោក»ស្រវ៉ឹងលែងដឹងភ័យព្រួយ
លូកចាប់នាង«មួយ»ឈរក្បែរគុម្ពចេក
មីង«ម៉ាច»ជាម៉ែបបេរមាត់ស្លេក
គាត់ភ័យខ្លាំងពេកស្រែកប្រាប់តា«មាឃ»

ពូ«ម៉ាត់»ឥស្លាមចាមប្ដីមី«ម៉ាស់»
លោតយ៉ាងរហ័សរត់ទៅចាប់ក្រៀក
សម្របសម្រួលលួងលោមប្រើពាក្យ

ខ្យល់បក់ត្រសៀកជានាគ្នាហោង។

Wednesday, November 28, 2012

ចន្ទ្រអួត....


អកអំបុក


យប់នេះបូណ៌មីថ្ងៃដប់ប្រាំកើត
កក្កិតផុតខ្នើតអើតមូលក្រឡង់
តារានឹងរះត្រចះត្រចង់
ពន្លឺផូរផង់ថ្លាយង់រស្មី។

គ្រប់ខេត្តស្រុកឃុំប្រជុំជនក្រុង
រៀបចំបម្រុងអំបុកស្រូវថ្មី
ស្ករត្នោតអំពៅផ្លែល្ពៅដូងខ្ចី
ទៀនធូបបារីសម្ភីស្អិតស្អាង។

យប់ម៉ោងដប់ពីរពិធីចូលដល់
ដុតទៀនតម្កល់បន្ទាល់សម្អាង
ហោរាគន់គូរទៀនហូរតំណាង
បង្ហាញភស្ដុតាងមានភ្លៀងឬអត់?។

សូត្រនមស្ការព្រះរតនត្រ័យ
ងើយមុខលើកដៃស្រមៃប្រាកដ
ឆ្គោះដួងព្រះចន្ទ្រប្រកាន់សន្មត់
ធ្វើតាមបែបបទសុំសុខសប្បាយ។

រួចរាល់ពិធីវក់វីខ្ញៀវខ្ញារ
ស្រវេស្រវាប្រញឹកប្រញាយ
ចាប់យកអំបុកបញ្ចុកក្អាកក្អាយ
មិត្តភក្តិរាងអាយជិតឆ្ងាយគ្រប់គ្នា។

អ្នកខ្លះរាំរែកស្រែកហ៊ោរអឺងកង
រីករាយកន្លងក្នុងពេលសន្ធ្យា
ព្រះរាជពិធីនៃជនកម្ពុជា

ជូនពរជយាជារៀងដ៏រាប។

Friday, November 23, 2012

ស្រូវទុំ


ព្រឹកថ្ងៃស្តៅកម្តៅក្តៅតិចៗ
ស្លឹកឈើបក់រវិចតាមវាតា
បក្សីសត្វឆ្វែលឆ្វាត់លើរុក្ខា
ចឹកអាហារចំណីមានមិនខ្វះ។

វាលស្រែស្រូវគន់ទៅពណ៌មាសឆ្អិន
ប្រហើរក្លិនស្រូវថ្មីដីស្រែចាស់
កសិករទឹកមុខរីករាយណាស់
ច្រូតប្រវាស់ដៃគ្នាគ្រប់រដូវ។

ត្រដេវិចហិចហើរលើវាលស្រែ
ឆ្វែលលម្ហែរួចចុះចឹកគ្រាប់ស្រូវ
រទេះគោបញ្ឈរលើដងផ្លូវ

ដល់ពេលល្ងាចនឹងត្រូវដឹកកណ្ដាប់។

Wednesday, November 21, 2012

មិនជឿ ក៏ហី!


ឃើញក្មេងរាវលាសលើភ្នំឈើកាច់
រួចចុះដកច្រាច់ទន្លេអ្នកលឿង
លើដងផ្លូវជាតិកប៉ាល់រត់កឿង
ក្របីស្បែកលឿងប្រសាចកៀងមេ។

អ្នកបើករថយន្ដស្រវឹងធ្លាក់ភ្នែក
ជ្រុលចូលក្នុងព្រែកបុករថភ្លើងគេ
ចំណែកអ្នកជិះគ្មានរបួសទេ
លិចទឹកទន្លេហើយស្លាប់ទាំងអស់។

ស្រាប់តែយន្ដហោះបោះពួយលឿនស្លៅ
ទៅបុកគ្នាឆៅជាមួយរថក្រោះ
ផ្អើលអស់អ្នកស្រុកជិតស្ពានព្រៃប្រស់
អត់មានអ្វីសោះគឺឆេះគ្មានសល់។

តៃកុងតាក់ស៊ីប៉ោយប៉ែតភ្នំពេញ
មួយថ្ងៃវិលវិញដប់ជើងមិនខ្វល់
ឯល្បឿនដែលរត់នៅលើផ្លូវថ្នល់

កុងទ័រមិនដល់ ២៥០ ទេ។