Saturday, July 2, 2022


មេឃស្រទំ ក្អាត់យំ ពេលព្រលប់
ពេលព្រលឹម ពុំឈប់ ក្នុងវាលស្រែ
ក្នុងវាលស្រូវ អែបផ្លូវ ទួលសង្កែ
ទួលសង្កាត់ ក្លាត់ថែ ស្រូវម៉ែព្រោះ ។

ស្រូវម៉ែព្រាច ព្រឹកល្ងាច ចាបចឹកស៊ី
ចាបចឹកសល់ ដុះមីរ ស្រែពង្រោះ
ស្រែពង្រាប សំណាប ដើមលូតលាស់
ដើមលូតលៃ ទាបខ្ពស់ ឱនដាក់គ្រាប់ ។



Monday, February 28, 2022


 ឱសថសុខភាព

(កាព្យបទ គីង្គក់លបលោត)
........................
យើងហាត់ប្រាណ កុំខាន កុំខក
រោគាកក ចំអក ចំអន់
រាងកាយប្ដូរ អាសូរ អាសន្ន
ពុំអាចបន់ បង្អន់ បង្អាក់។
ថ្នាំសង្កូវ តម្រូវ តម្រេក
ឈឺដួលដេក ដំណេក ដំណាក់
ទុក្ខព្រួយស្ថិត ប្រចិត្ត ប្រចក្ស
បង់លុយកាក់ បណ្ដាក់ បណ្ដោយ។
........................
*កំណត់សម្គាល់ៈ បទ «គីង្គក់លបលោត» នេះ គឺមេកាព្យដែលខ្ញុំ (រ័ត្នន៍ សេនា) បង្កើតថ្មី ហើយបានបញ្ចូលទៅក្នុងសៀវភៅ សិក្សា និងតែងកាព្យ បោះពុម្ពគ្រាទី២ ឆ្នាំ ២០១៦។
🇰🇭👉 ស្ថានភាពកូវីដ ១៩ ប្រចាំថ្ងៃទី២៨ កុម្ភៈ ២០២២
👉 អូមីក្រុងឆ្លងក្នុងសហគមន៍៨,៨៥០នាក់, និងវាយលុកទាំងស្រុង ៥៩ថ្ងៃ ជាប់ៗគ្នា !
👉 ថ្ងៃទី២ គ្មានអ្នកស្លាប់!
🔴❌🔴
👉

សូមអនុវត្តវិធានការ បីការពារ បីកុំ គ្រប់ៗគ្នា គ្រប់ពេលវេលា គ្រប់ទីកន្លែង ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលកាន់តែខ្លាំងនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ជាតិរបស់យើង!។ 


Wednesday, October 1, 2014

ចិត្ត

(បទពាក្យ ៨ បន្ទាប់ បែបចិត្តរាយប៉ាយ)


ចក្រវាឡសែនធំពុំបានស្មើ«ចិត្ត»
គ្មាននឹងនស្ថិតក៏«ចិត្ត»នេះដែរ 
«ចិត្ត»វិលវល់រេវៀចវេរបែកបែរ 
«ចិត្ត»ហោះហើរហែក្បែរឆ្ងាយកាយរូប។

អាណិតស្រឡាញ់«ចិត្ត»
ចាញ់និងឈ្នះ 
ចចេសមានៈ«ចិត្ត»ប្រាសប្រែជួប 
«ចិត្ត»ក្ដៅត្រជាក់បែកបាក់រួមរួប 
«ចិត្ត»អ្នកផ្គុំផ្គួបជុំជួបបែរព្រាត់។

វៀចត្រង់លើ«ចិត្ត»គំនិតបញ្ជា 
បញ្ជរទាមទារ«ចិត្ត»ជាបន្ទាត់ 
«ចិត្ត»សម្រេចជាក់ទម្លាក់លើមាត់ 
សម្រេចទូទាត់«ចិត្ត»កំណត់ឲ្យ។

ស្មោះស្ម័គ្របាក់«ចិត្ត»ឬឥតខ្លឹមសារ 
«ចិត្ត»ចើកឫស្យាសាវាមុខក្រោយ 
ផ្អែមល្ហែមជូរចត់«ចិត្ត»ព័ទ្ធបណ្ដោយ 
«ចិត្ត»បណ្ដាលឲ្យថ្លោះធ្លោយឥតល្ហែ។

លោភលន់ទៀងត្រង់តម្រង់ពី«ចិត្ត» 
«ចិត្ត»អ្នករឹតត្បិតកម្រិតហូរហែ 
គ្រង«ចិត្ត»មិនបានរុញច្រានប្រួលប្រែ 
នរណាក៏ដែរ«ចិត្ត»ប្រែមិនទៀង។